News Detail

កុំ​ភ្លេច! ជម្រើស​ជាតិ​កម្ពុជា​ជួប​ប៊ូតាន់​នៅ​ម៉ោង​៦:៣០ ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ នេះ

ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​បើក​ទ្វា​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​របស់​ខ្លួន ​ប្រកួត​មិត្តភាព​អន្តរជាតិ​​​ជាមួយ​ក្រុម​​ជម្រើស​ជាតិ​នៃ​ប្រទេស​ប៊ូតាន់ នៅ​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី ២០ ខែ សីហា ឆ្នាំ ២០១៥ នេះ។

Cambodia-Vs-Bhutan

 

ក្រុម​ទាំង ២ បង្ហាញ​មុខ​ក្នុង​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ (កម្ពុជា ខាង​ឆ្វេង ប៊ូតាន់ ខាង​ស្ដាំ)

 

យុទ្ធនាការ​ប្រកួត​កម្ដៅ​សាច់ដុំ​របស់​ក្រុម​ទាំង ២ នេះ​គឺ​ដើម្បី​​ចូលរួម​ជម្រុះ​ក្នុង​​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក 2018 FIFA World Cup Russia ជុំ​ទី២ ប្រចាំ​ទ្វីប​អាស៊ី ដោយ​ក្រុម​កម្ពុជា ស្ថិត​នៅ​ពូល E ជាមួយ​ជប៉ុន, ស៊ីរី, អាហ្វហ្គានីស្ថាន និង សិង្ហបុរី ខណៈ​ក្រុម​ជម្រើស​ជាតិ​ប្រទេស​ប៊ូតាន់ ស្ថិត​ក្នុង​ពូល C ជាមួយ​ក្រុម​នៃ​ប្រទេស​ចិន  ហុងកុង កាតារ និង ម៉ាល់ឌីវ។

 

លោក Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​លើក​ឡើង​​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ពុធ ម្សិលមិញ​ក្នុង​ទីស្នាក់ការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ថា​លោក​មិន​ហ៊ាន​ព្យាករណ៍​ថា​នឹង​ចាញ់ ឬ ឈ្នះ​នោះ​ទេ នៅ​​ក្នុង​ប្រកួត​នេះ ព្រោះ​ក្រុម​លោក​ទើប​តែ​បាន​ហ្វឹកហាត់​ជុំ​គ្នា​តែ ៣ ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​កីឡាករ​សម្រាក​ពី​ជួយ​ក្លិប​របស់​ខ្លួន​ប្រកួត​នៅ​ក្នុង​លីក។ តែ​លោក​រំពឹង​ថា​កូន​ក្រុម​នឹង​ធ្វើ​បាន​ល្អ។

 

ដំណាល​គ្នា​នោះ​លោក Norio Tsokatae គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន ដែល​កំពុង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ប៊ូតាន់ មក​ប្រកួត​ជាមួយ​កម្ពុជា បាន​លើក​ឡើង​ថា លោក​ដឹក​ច្បាស់​ថា​​បាល់ទាត់​កម្ពុជា​បច្ចុប្បន្ន​កំពុង​មាន​ការ​វិវត្តន៍​ផ្នែក​បាល់ទាត់​ខ្លាំង តែ​លោក​រំពឹង​​នៅ​ក្រោយ​ចប់​ការ​ប្រកួត​នេះ​​ក្រុម​ទាំង ២ នឹង​ទទួល​បាន​កម្រិត​បច្ចេកទេស​ល្អៗ មុន​ប្រកួត​ផ្លូវការ​មក​ដល់។

 

ក្រឡេក​មើល​​ចំណាត់​ថ្នាក់​ក្នុង​តារាង​ពិភពលោក ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់ ​អន្តរជាតិ (FIFA) ប្រចាំ​ខែ​សីហា នេះ​ក្រុម​ជម្រើស​ជាតិ​ប៊ូតាន់ ស្ថិត​នៅ​លេខ​ ១៦៤ ក្នុង​ចំណោម​​សមាជិក​ទាំង ២០៩ ស្រប​ពេល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ឈរ​ត្រឹម​លេខ​រៀង ១៨០ ប៉ុណ្ណោះ។

 

សម្រាប់​សំបុត្រ​ចូល​ទស្សនា​មាន​ដាក់​លក់​ក្នុង​តម្លៃ ២០០០០ រៀល​និង ៨០០០ រៀល​ នៅ​ច្រក​​ចូល​ទីលាន​ប្រកួត។ ចំណែក​អ្នក​​អ្នក​រស់​នៅ​តាម​ខេត្ត​ ឬ នៅ​ក្រៅ​ប្រទេស អាច​ទស្សនា​ការ​ប្រកួត​នេះ​បាន​ដូចគ្នា​តាម​រយៈ​ទូរទស្សន៍​បាយ័ន​ព័ត៌មាន (BTV)៕

 

អត្ថបទ៖ ម៉ឺន រស្មី